ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់នៅក្នុងទឹកស្រែ សង្ស័យជាករណីឃាតកម្មគិតទុកជាមុន ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុបហៅស្ពានរាគអាចម៍ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៩។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុនោះឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវក៏យកដៃទៅចាប់ទាញស្រាប់តែឃើញដៃសពជនរងគ្រោះ ផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។
ក្រោយមកទៀតលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរឹតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែងដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃមុខជាច្រើនកន្លែង។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងទៀតថា សពមិនស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថា ស្រី អាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡាក្នុងនោះសមត្ថកិច្ចនៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១និងកូនកាំបិតចុងស្រួច។
បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញគឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថា ជាករណីគំនុំ ប្លន់យកទ្រព្យសម្បតិ្តឬជាករណីស្នេហាត្រីកោណនោះឡើយ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតករដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះសូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផងដែរ៕