កម្លាំងអធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ រួចគេចខ្លួនបានមួយថ្ងៃ
ខេត្តបាត់ដំបង៖កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវនឹងបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិគេចខ្លួនបានមួយថ្ងៃ។
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ រស់ ផស់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឈ្មោះ អ៊ូច សា លូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះមិនបាននៅផ្ទះ។
ជាមួយការឃាត់ខ្លួននេះដែរសមត្ថកិច្ចជំនាញ ដកហូតវត្ថុតាងជាទ្រព្យសម្បត្តិរួមមាន៖
-កាបូបដៃតូចចំនួន០១ មានខ្សែដៃពណ៌ទឹកប្រាក់០១ខ្សែ, ផ្លាកដៃ០១ខ្សែ,ក្រវិលពណ៌ប្រាក់០១គូរ, បន្តោងពណ៌សលាយស្វាយចំនួន០១ផងដែរ។
ជនសង្ស័យក្រោយពីឃាត់ខ្លួន ពេលនេះត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរបន្តនិងរៀបចំសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕