ឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាមួយថ្នាំញៀនជាង២០កញ្ចប់ នៅស្រុកភ្នំព្រឹក
ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាបការរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការខេត្ត។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងកាលពីវេលាម៉ោង១៤និង២៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ជា សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២៥កញ្ចប់ ទម្ងន់ ១២,៦៤ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ច ការិយាល័យជំនាញបានរៀបចំ កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕