ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត កោតសរសើរដល់អង្គការ និងសាលាឯកជនឈ្មោះ"ជីវិតថ្មី" ដែលសហការបង្កើតវគ្គបណ្ដុះបណ្ដាល ផ្នែកគ្រូបង្រៀននេះឡើង
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ពីការបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀន នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចែម សំបូរ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានមានប្រសាសន៍ កោតសរសើរដល់សាលាឯកជនឈ្មោះជីវិតថ្មី ដែលមានទីតាំងនៅចំណុចជិតរោងចក្រហាតឌីស ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាល្អជាមួយដៃគូ អង្គការស្ពានពន្លឺអន្តរជាតិ បើកវគ្គបណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀននេះឡើង។
លោកបញ្ជាក់ថា នេះជាលើកទីមួយហើយដែលបានចូលរួមនឹងស្គាល់សាលាមួយនេះដែលរៀបចំបានស្អាតខ្នាតអន្តរជាតិ អាចចូលរួមប្រកួតប្រជែងជាមួយគេបាន។
ជាមួយគ្នានោះលោកបានស្នើឲ្យអាណាព្យាបាលសិស្សជំរុញកុលបុត្រកុលធីតាមករៀនសាលានេះឱ្យបានច្រើន ពីព្រោះសាលានេះឃើញថាល្អទាំងបរិវេណ ទាំងគុណភាពអាចទទួលយកបាន។
សូមជម្រាបផងដែរថា ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកគ្រូ គឺ សេងហៀង ,អ្នកស្រីkarla និងស្វាមីជានាយកប្រតិបត្តិ នៃអង្គការស្ពានពន្លឺអន្តរជាតិ,លោកប៊ិន ឈុនលី នាយកអង្គការស្ពានពន្លឺអន្តរជាតិប្រចាំប្រទេសកម្ពុជា,អ្នកស្រីMichele នាយកអប់រំនៃអង្គការស្ពានពន្លឺអន្តរជាតិ,លោកគ្រូ ជា វារ: និងអ្នកស្រីទែន លក្ខិណា ជានាយកសាលាជីវិតថ្មីក្រុងប៉ោយប៉ែត និងលោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស ព្រមទាំងអាណាព្យាបាលសិស្សសរុបប្រមាណជាង១០០នាក់ផងដែរ៕