លោក ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋ ១៤ គ្រួសារសម្រេចសម្បទានដី ជូនដល់ភាគីជម្លោះ ក្នុងមួយគ្រួសារ ១២ ម៉ែត្រ គុណ ២០ ម៉ែត្រ
ខេត្តបន្ទាយមានជ័យ÷កិច្ចប្រជុំនៅរដ្ធបាលខេត្តក្រោមអធិបតេយ្យភាពឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកម្ម ពិធីដោះស្រាយ ទំនាស់ដីធ្លីរាំរ៉ៃមួយកន្លែង តាំងពីឆ្នាំ ២០១១ ដែលឋិតនៅក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត។ ដោយលោក ទុយ វ៉ាន់នី តំណាងឲ្យពលរដ្ឋ ១៤ គ្រួសារ និងភាគីម្ខាងទៀតតំណាងឲ្យ ពលរដ្ឋ ៥១គ្រួសារ។ ក្នុងនោះគេសង្កេតឃើញថា ទោះបីជារដ្ឋបាលខេត្តបន្ទាយមានជ័យ មានការចេញលិខិតអញ្ចើញដល់ក្រុមប្រជាពលរដ្ឋ ៥១ គ្រួសារ ដើម្បីចូលរួមដោះស្រាយបញ្ហាទំនាស់ដីធ្លី គឺខាងតំណាងពលរដ្ឋដែលអះអាងថា ពួកគាត់ជាជនរងគ្រោះនោះ មិនបានអញ្ជើញញចូលរួមដោះស្រាយ បញ្ហាដីធ្លីតាមការអញ្ជើញរបស់រដ្ឋបាល ខេត្ត បន្ទាយមានជ័យឡើយ។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅរដ្ឋបាល ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ទីតាំងដីដែលមាន ទំនាស់រវាងលោក ទុយ វ៉ាន់នី និង ពលរដ្ឋ៥១គ្រួសារនេះ គឺបច្ចុប្បន្ន ( ទីតាំងដីមួយនេះ ) ឋិតនៅក្នុងភូមិ សូរិយា សង្កាត់និមិត្ត (អតីតឋិត ក្នុងភូមិ អូរឬស្សី ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ) ក្រោយពីក្រសួងមហាផ្ទៃ បានបំបែក ឃុំ ប៉ោយប៉ែត ជា សង្កាត់ ផ្សារកណ្តាល និងសង្កាត់និមិត្ត បន្ថែមទៀត នៃក្រុង ប៉ោយប៉ែត ក្នុងឆ្នាំ២០១១ ។ ហើយក្នុងនោះដីមួយផ្នែកនៃភូមិអូរនាង និងភូមិអូរឬស្សី ត្រូវបានកាត់ចូលជា ភូមិសូរិយា នៃ សង្កាត់និមិត្ត ។
ក្នុងកិច្ចប្រជុំដោះស្រាយនេះគេសង្កេត ឃើញថា ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដីដែលមានបញ្ហានេះ គឺជាដីរបស់លោក ទុយ វ៉ាន់នី យ៉ាងពិតប្រាកដដោយយោងតាមឯកសារកាន់កាប់ និង យោងតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញ។
ហើយម្យ៉ាងវិញទៀតពលរដ្ឋ បានប្តឹងទាមទារដីពីក្រុមលោក ទុយ វ៉ាន់នី គឺអះអាងថា ដីនោះឋិតក្នុងភូមិសិលាខ្មែរ តែតាមធាតុពិតដីនៅចំណុចអូរស្វារអិលនេះ គឺឋិតនៅក្នុងភូមិអូរឬស្សី កាលពីមិនទាន់បំបែកសង្កាត់ ផ្សារកណ្តាល និង សង្កាត់និមិត្ត ។ ក្នុងអង្គប្រជុំនេះគេសង្កេតឃើញទៀតថា លោក ទុយ វ៉ាន់នី បានពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ យល់ព្រមដោះស្រាយតាម គោលនយោបាយឈ្នះៗ ដោយបានសម្បទានដីឲ្យពលរដ្ឋ ក្នុងមួយគ្រួសារចំនួន ទទឹង ១២ ម៉ែត្រ បណ្តោយ ២០ ម៉ែត្រ ។ ក្នុងនោះលោក ទុយ វ៉ាន់នី បានបន្តថា បញ្ហាទំនាស់ដីធ្លីនៅចំណុចអូរស្វារអិលនេះ គឺបានដោះស្រាយយ៉ាងរាំរ៉ៃមកជាច្រើនឆ្នាំហើយ តែនៅតែមិនទាន់ចប់ ដោយភាគីខាង ៥១ គ្រួសារ នៅតែមិនទាន់យល់ព្រមទទួលយកដីដែលពួកគាត់សម្បទានអោយឡើយ ។
ដូច្នេះនេះជាឱកាសចុងក្រោយហើយ គឺ ទុករយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃ ជូនដំណឹង បើភាគីម្ខាងទៀត នៅមិនព្រមទទួលយកដី ចំនួន ទទឹង ១២ម៉ែត្រ បណ្តោយ ២០ ក្នុងមួយគ្រួសារនោះទេ គឺ លោក ទុយ វ៉ាន់នី និងស្នើឲ្យរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ ចាត់ការតាមវិធានការរដ្ឋបាល ទៅលើក្រុមអនាធិបតេយ្យទាំងនោះ ដោយស្របតាមលិខិតលេខ ៣៩៥៩ របស់ក្រសួងមហាផ្ទៃ ដែលបានចុះនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ៕