បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ក្រោយពីអាវុធហត្ថឃាត់ខ្លួន ពាក់ពន្ធ័ករណីហឹង្សាបង្កឲ្យមានមនុស្សរងរបួសចំនួន០៥នាក់
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ក្រោយពីប្រើហឹង្សា ដោយយកពូថៅដេញកាប់ទៅលើមនុស្សចំនួន៥នាក់ បណ្តាលឲ្យរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០ នៅចំណុចម្ដុំស្រាផ្តិល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ក្លឹង សំណាង។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការ ដល់កន្លែងកើតហេតុបានឃើញជនសង្ស័យមានអាការៈបាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជនរងគ្រោះដេកដួលនៅនឹងដីចំនួន០៥នាក់ផងដែរ។ខណ:ពេលនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីកម្លាំងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតី។
ចំណែកជនរងគ្រោះចំនួន០៥នាក់៖
១/ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់
២/ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់
៣/ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់
៤/ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល
៥/ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង០៥នាក់ រស់នៅកន្លែងកើតហេតុ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕