ចាក់សោផ្ទះចេញទៅក្រៅ អគ្គីភ័យឆាបឆេះអស់ទាំងស្រុង មិនដឹងមូលហេតុ
ខេត្តបាត់ដំបង:ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជា០៧ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់គោលដៅ ដោយនាំយកនូវបំពង់ពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍រហូតរលត់ជាស្ថាពរ មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកដទៃ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាប់ឆេះអស់ទាំងស្រុងខាងលើនេះមានទំហំ ៨ម៉ែត្រx១៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង)ដែលមានម្ចាស់ឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅចំណុចភូមិ សង្កាត់កើតហេតុខាងលើ។
ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សោរផ្ទះទុកចោល ដោយរវល់ចេញទៅខាងក្រៅអស់ លុះក្រោយមកក៏ស្រាប់តែមានការភ្ញាក់ផ្អើលនៅពេលដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅដោយមិនដឹងមូលហេតុតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មាននេះភ្លាម ទាំងថ្នាក់ដឹកនាំខេត្ត ទាំងថ្នាក់ដឹកនាំក្រុង ក៏ដូចជាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង និងស្រុក កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុង រួមជាមួយក្រុមហ៊ុនឯកជនផងនោះ បានចេញរថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៥គ្រឿងចុះមកអន្តរាគមន៍ពន្លត់រហូតទទួលបានជោគជ័យ ដោយមិនបង្កអោយឆេះរាលដាលឆ្លងទៅផ្ទះអ្នកជិតខាង ហើយក៏មិនបណ្តាលអោយមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើរការសាកសួរពិនិត្យជំវិញកន្លែងកើតហេតុនិងបានដាក់ការសន្និដ្ឋានថា មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកការខូចខាតឃើញថា ផ្ទះឈើតៀមមួយខ្នងទំហំ ០៨ម៉ែត្រX១៥ម៉ែត្រត្រូវបានឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕