ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ទទួលអំណោយពីកាកបាទក្រហមសាខាខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់តំណាងអោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ១ខ្នង កាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមទី០១ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
នាឱកាសនោះ លោក ងី សែត បានពាំនាំនូវការចូលរួមសោកស្តាយ និងចូលរួមរំលែក នូវទុក្ខលំបាក ពីសំណាក់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ ព្រមទាំងសូមឲ្យ មេត្តា កាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែយើងនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទានដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
ជាមួយគ្នានេះលោកអនុប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗ ដែលងាយឆាបឆេះ ព្រមទាំងការតបណ្តាញអគ្គិសនី ប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេស មកតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
ហើយអំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន! -អង្ករ៥០គីឡូក្រាម -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -ត្រីខ២យួរ -មី២កេស -ទឹកសុទ្ធវីឃែរចំណុះ ២០លីត្រ ២កាធុង -ឃីត ១កញ្ចប់ ( មុង ភួយ សារុង ក្រមា អាវយឺត សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕