ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន២គ្រាប់ នៅស្រុកស្វាយចេក រួចរាយការណ៍ជូនសមត្ថកិច្ច
ខេត្តបន្ទាយមានជ័យ៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅសែសសល់ពីសម័យសង្គ្រាមនៅពេលទឹកស្រកត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅនឹងដីស្រែរបស់គាត់នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ រួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីមានវិធានការណ៍។
លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថាប្រជាពលរដ្ឋដែល បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឈ្មោះ ប៉ុក គា ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលឃើញគ្រាប់នោះប្រជាពលរដ្ឋបានទៅស្រែក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ប្រភេទ ៨២មីលីម៉ែត្រ នៅនឹងដីស្រែរបស់គាត់ស្ថិតនៅខាងត្បូងភូមិដីឡូត៍ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាប់មកគាត់បានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្លក្រាម បានចុះទៅពិនិត្យនៅកន្លែងឃើញគ្រាប់នោះមានសភាពច្រែះ១ ក្នុងនោះមាន១គ្រាប់នៅកប់នឹងទឹក រួចហើយបានរាយការណ៍បន្តទៅអង្គភាពហេឡូត្រាសដ៍ ដើម្បីមានវិធានការណ៍។ ជាមួយគ្នានោះដែរអង្គភាពហេឡូត្រាសដ៏បានធ្វើការបំផ្លាញចោល១គ្រាប់នៅនឹងកន្លែង និងនៅសល់១គ្រាប់ដែលនៅកប់ភក់មានទឹកមិនអាចធ្វើការកម្ទេចចោល បានរងចាំទឹករីងអស់សិនទើបមានវិធានការណ៍កម្ទេចចោល តែក៏បានដាក់ដោតបង្គោលដាក់ផ្លាកសញ្ញា និងគំរប់សុវត្តិភាពមិនឲ្យមានមនុស្សទៅប៉ះពាល់ផងដែរ ៕