ក្រពើទំងន់ប្រមាណជា១៥គីឡូក្រាម ជាប់មោងប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ក្រោយពីលេចឮដំណឹងកាលពីទឹកជំនន់ថា មានក្រពើដេញតាមទូកនេសាទ
ខេត្តបន្ទាយមានជ័យ៖ក្រោយលេចឮដំណឹងកាលពីអំឡុងខែតុលាទឹកជំនន់កំពុងជន់លិចខ្លាំងថា មានក្រពើដេញតាមទូកនេសាទ ឥលូវឃើញមែននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដោយជាប់មោងប្រជាពលរដ្ឋ។
ក្រពើនេះមានទំងន់ប្រមាណជា១៥គីឡូក្រាម ដោយក្រពើនេះបានជាប់មោងរបស់ជាងម៉ូតូម្នាក់ ឈ្មោះ ទេព ដាវ ភេទ ប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអន្លង់មានទ្រព្យ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ករណីដែលប្រជាពលរដ្ឋឃើញក្រពើនេះ ជាព័ត៌មានពិតប្រាកដមែន តែក្រពើនេះ បានជាប់មោង ហើយក៏បានស្លាប់ផងដែរ។
គួរជំរាបថា ទោះបីជាល្បីព័ត៌មានថា មានក្រពើប្រដេញទូកនេសាទរបស់ប្រជាពលរដ្ឋកាលពីទឹកជំនន់ រហូតដល់មានក្រពើជាប់មោងជាក់ស្តែងក៏ពិតមែន តែខេត្តបន្ទាយមានជ័យ ពុំមានអ្នកស្លាប់ឬ អ្នករងរបួសដោយសារក្រពើឡើយ៕