រដ្ឋបាលខេត្តស្វាយរៀង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងបាវិត
ខេត្តស្វាយរៀង៖លោក ហ៊ូ វតន: សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណះអភិបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងបាវិត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាឱកាសនោះលោក ហ៊ូ វតនះ បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត ចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះលោក សេង សីលា បានមានប្រសាសន៍ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបជូនថា អង្គវេទិកានេះបានធ្វើការពិភាក្សាដោយផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណ: ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំណង់
-ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ ការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ៕