បុរសម្នាក់បើកម៉ូតូ ក្នុងស្ថានភាពស្រវឹងខ្លាំង ជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ៖បើកម៉ូតូប្រហែលក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុករថយន្តពី ក្រោយបណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកបេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាំង វ៉ិត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត់ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ សពជនរងគ្រោះបានជិះម៉ូតូម៉ាកវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប ១C.១៩៩៥ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនសង្ស័យបើកស្ថិតក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តម៉ាកKAIPRONTIERពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ២.O ១៨០២ ដែលធ្វើដំណើរផ្ទុយទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ បាក់ជើងស្តាំ និងបែកក្បាល រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលដែលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូនគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ជាក្រោយ៕