រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋមានការប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យអាងស្តុកទឹកពេញ បណ្តាលឲ្យបាក់ទំនប់ហុងបាសាក់
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាស ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។
សូបនញ្ជាក់ដែរថា ភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឲ្យកម្ពស់ទឹកនៅប្រភពខាងលើ បានហក់ឡើងខ្លាំង បណ្ដាលឲ្យមានជំនន់ហូរកាត់បាក់ទំនប់ស្ពានហុងបាសាក់ និងលិចផ្លូវលំជាច្រើនខ្សែ រួមទាំងលិចប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន០២ឃុំ នៅស្រុករុក្ខគីរី។
នៅក្នុងទិដ្ឋភាពនៃជំនន់ទឹកភ្លៀងនេះដែរ គេសង្កេតឃើញវត្តមានឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះទៅពិនិត្យ និងជួយរំដោះជន្លៀសប្រជាពលរដ្ឋ ដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ។
ហើយក្នុងការពិនិត្យជាក់ស្តែង ជំនន់ទឹកភ្លៀងបានវាយប្រហារបណ្តាលអោយបាក់ទំនប់ទឹកហុងបាសាក់ ប្រវែង៥០ម៉ែត្រ និងលិចផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំ ដែលក្នុងនោះមានឃុំបាសាក់ និងឃុំព្រែកជីក សរុបស្មើ១៥ភូមិ នៅស្រុករុក្ខគីរី។
បើយោងតាមព័ត៌មានបឋមចេញដោយរដ្ឋបាលខេត្តបាត់ដំបង នៅតំបន់ទំនាបនៃស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀងលិច ក្នុងនោះមាន,ស្រុកសំឡូត ,ស្រុករុក្ខគីរី ,ស្រុកមោងឬស្សី ,ស្រុកភ្នំព្រឹក ,និងស្រុកសំពៅលូនផងដែរ៕