អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ធ័ករណីលួចប្រាក់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីលួច កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចតូបលក់ចាប់ហួយមុខវត្តផ្សារកណ្ដាល ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឈ្មោះ វង់ សុវត្ថិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពបន្លំលួចប្រាក់របស់ជនរងគ្រោះឈ្មោះ ស្រី វិច តែត្រូវជនរងគ្រោះ និងអ្នកនៅក្បែរនោះឃើញទាន់ ក៏ឃាត់ខ្លួនហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពីសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានចេតនាចូលលួចប្រាក់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបន្លំធ្វើជាទិញទឹកផ្លែឈើមួយកំប៉ុង ហើយដើរចេញមកឈរមុខតូប ដើម្បីឆ្លៀតឱកាសពេលជនរងគ្រោះកំពុងតែលក់ ខ្លួនចូលលួចប្រាក់ក្នុងធុងនោះតែម្ដង ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ហើយចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។ដោយផ្អែកលើចម្លើយសារភាព និងមានសាក្សីផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕