បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការខេត្តបន្តាយមានជ័យ ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ពន្ធ័ទៅនឹងករណីគ្រឿងញៀន ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធីច្បាប់ បន្ទាប់ពីធ្វើការសាកសួ និងកសាងសំណុំរឿង។
សូមជំរាបដែរថា ជនសង្ស័យទាំង២នាក់ ដែលជាប់ពាក់ពន្ធ័ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤ និង៤៥នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីកំណត់មុខសញ្ញាបាន។
ក្រោយពីឃាត់ខ្លួន កម្លាំងដកហូតបាននូវសម្ភារៈវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កូនថង់កិបទម្ងន់០,៩៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន០៣គ្រាប់ ទម្ងន់០,៤២ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ. 1U-5043 ,និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោកវរសេនីត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ចន រាជ ហៅ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំងពីរនាក់ ក្រោយពីកម្លាំងជំនាញអាវុធហត្ថក្រុងសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ដោយឡែកឈ្មោះ ចន រាជ ហៅ រក្សា ឆ្លើយសារភាពថា ខ្លួនគេពិតបានទិញគ្រឿងញៀនខាងលើនេះមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត៕