លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារ ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០។
ពិធីនេះបានប្រារព្វធ្វើឡើងនៅសាលប្រជុំធំកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរងអាវុធហត្ថខេត្ត នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ។
ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះក្នុងគោលបំណងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំណែទម្រង់រចនាសម្ព័ន្ធកងរាជអាវុធហត្ថផងដែរ ៕