សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យលើឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ត្រូវបានតាក់តែងឡើង ដើម្បីបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ខណៈកម្មវិធីជាតិដំណាក់កាលទី១ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ថ្វីដ្បិតកម្មវិធីជាតិ ដំណាក់កាលទី១ នឹងត្រូវញ្ចប់នាពេលខាងមុខ ប៉ុន្តែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅមិនទាន់ចប់នៅឡើយទេ ពោលគឺនៅមានកិច្ចការសំខាន់មួយចំនួនទៀត ដែលត្រូវបន្តដោះស្រាយឱ្យមានភាពប្រាកដប្រជាថា កំណែទម្រង់នេះពិតជាកំណែទម្រង់មួយដែលមានភាពជាក់លាក់ ពិសេសប្រសិទ្ធភាពនៃការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាទាមទារឱ្យមានការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់បន្តអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេលវែង ពីព្រោះឆ្លងកាត់ការសិក្សាដកស្រង់ពិសោធន៍ពីបណ្ដាប្រទេសនានា ការងារកំណែទម្រង់នេះត្រូវការពេលវេលាយូររហូតដល់៧០ទៅ១០០ឆ្នាំ ខណៈកម្ពុជាទើបតែចេញដំណើរបានជាង១០ឆ្នាំ៕