លោកជំទាវ លាង ហៃ ជាវ តាយ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ
ខេត្តកំពត៖លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា អមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ ក្នុងនោះមកពីក្រុងកំពតចំនួន៤០គ្រួសារ និងស្រុកទឹកឈូចំនួន១៥គ្រួសារ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត។
នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។
ក្នុងនោះលោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធី កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចជា៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
៣-ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ។
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥-បរិភោគអាហារចម្អិនឆ្អិនបានល្អ។
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ១១៥ ដោយឥតគិតថ្លៃ។
អំណោយផ្តល់ជូនរួមមាន៖អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្កសរ១គីឡូក្រាម ក្រមា១ អាវយឺត១កញ្ចប់ និងថវិកាចំនួន៤ម៉ឺនរៀលក្នុងម្នាក់ ព្រមទាំងមានរៀបចំកម្មវិធីពិសារអាហារសមគ្គីជូនដល់លាកយាយ លោកតា ផងដែរ៕