ពិធីសំណេះសំណាល ក្រុមសមាជិកព្រឹទ្ធសភា ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
ខេត្តបន្ទាយមានជ័យ៖នាព្រឹកអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភា និងគណៈប្រតិភូអមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិការក្រុមប្រឹក្សាឃុំ សង្កាត់។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអស់លោក លោកស្រី សមាជិក សមាជិកា មកពីបណ្ដាឃុំ សង្កាត់ក្នុងខេត្តប្រមាណជាង១០០នាក់ផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ចាប់ពីការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ លើពិភពលោក ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មានការយកចិត្តទុកដាក់ខ្លាំង ដោយបានសហការយ៉ាងស្និតជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។បានរៀបចំផែនការ បង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្នាក់ខេត្ត ក្រុង ស្រុក និងក្រុមការងារឃុំ សង្កាត់។
ជាងនេះទៅទៀតបានបង្កើតគណៈកម្មាធិការចំពោះកិច្ចមណ្ឌលត្រួតពិនិត្យសុខភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយចាត់តាំងក្រុមការងារថ្នាក់ខេត្ត ដើម្បីទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋវិលត្រលប់ពីប្រទេថៃផងដែរ៕