បុរសជាអ្នកកាន់មេអាប៉ោងម្នាក់ បានគាំងបេះដូងស្លាប់ នៅពេលដែលសមត្ថកិច្ចចុះបំបែកបនល្បែង នៅវាលស្រែនាស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖នៅពេលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋានស្រុកចុះទៅបំបែកបនល្បែង មួយកន្លែងនៅចំណុចវាលស្រែត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំចម្ងាយកន្លះគីឡូ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ អ្នកកាន់មេអាប៉ោងម្នាក់បានរត់ ហើយគាំងបេះដូងស្លាប់មួយរំពេច ដោយសារតែបុរសរូបនោះមានជំងឺបេះដូងប្រចាំកាយ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលសមត្ថកិច្ចចុះបង្ក្រាបក្រុមអ្នកលេងអ្នកចាក់ និងមេអាប៉ោង ជាអ្នកបាញ់អាប៉ោងបាននាំគ្នារត់គេចខ្លួន ខ្លះធ្លាក់ក្នុងទឹកប្រហែល៥០ម៉ែត្រ។ស្របពេលនោះឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង ដែលមានជំងឺបេះដូងស្រាប់ផងក៏រត់រហូតគាំងបេះដូងដួលសន្លប់ នៅលើភ្លឺស្រែពេលនោះកងកម្លាំងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះ និងសែងជនរងគ្រោះគ្រោះទៅកាន់មណ្ឌលសុខភាពឃុំសឹង្ហដែរ តែនៅវេលាម៉ោង៤រសៀលថ្ងៃដដែលនោះ លោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់វិញភ្លាមៗថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ករណីនេះជនរងគ្រោះទំនងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏រត់រហូតគាំងបេះដូងដួល សន្លប់ និងបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។
សមត្ថកិច្ចអះអាងថា អ្នកលេងល្បែងស៊ីសង អាប៉ោងគ្រាន់តែឃាត់ខ្លួន ដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែក្រុមអ្នកញៀនល្បែងខាងលើបានរត់លូនម្តងគេចទៅកន្លែងនេះ ម្តងគេចទៅកន្លែងនោះ ពិសេសរដូវវស្សាចឹង ពួកគាត់បានពួនលេងក្រោមម្លប់ឈើលើភ្លឺស្រែ ហើយដាក់ប្រមោយអ្នកយាម ដើម្បីចាំមើលផ្លូវសមត្ថកិច្ចផងដែរ។តែលើកនេះ សមត្ថកិច្ចបានស្ទាក់មុខ ស្ទាក់ក្រោយហើយ ក៏ដេញអ្នកញៀនល្បែងដែលរត់កាត់ទឹកវាលស្រែមិនទាន់ ប៉ុន្តែ ដោយអ្នកលេងល្បែងនោះគាត់ភ័យពេករត់ រហូតគាំងបេះដូងដួលស្លាប់តែម្តង។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕