គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ តាមផ្លូវក្រុងស្ថាបនាថ្មី
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលព្រឹកថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបផងដែរ។ក្នុងដំណើរអញ្ជើញចុះពិនិត្យលទ្ធផលការស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែកបទពិសោធន៍ ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡើងវិញក្នុងខេត្តព្រះសីហនុជូន ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប។
សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអញ្ជើញត្រួតពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុងចំនួន ៣៤ខ្សែ ទៅខេត្តព្រះសីហនុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ៕