ផ្ទះប្រជាពលរដ្ឋនៅតាមព្រំដែនខ្មែរ- ថៃជាច្រើនគ្រួសារ ត្រូវបានលិចលង់ ដោយគ្រោះធម្មជាតិ ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ដោយសារគ្រោះធម្មជាតិមានទឹកជំនន់ធ្លាក់មកពីប្រទេសថៃ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនៅតាមព្រំដែនខ្មែរ.ថៃ ជាច្រើនគ្រួសារ នៅចំណុចក្នុងភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅរងការលិចលង់ ត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះភ្លាមៗ ដោយជួយដឹកជញ្ជូនសម្ភារទៅទីទួលសុវត្ថិភាព បានទាន់ពេលវេលាមានចំនួន២៨គ្រួសារ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។
លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១បានប្រាប់អ្នកយកព័ត៌មានដឹងថា នៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររងគ្រោះ ដោយទឹកធ្លាក់មកពីប្រទេសថៃ និងទឹកនិងទឹកភ្លៀងបណ្តាលឲ្យជំនន់លិចផ្ទះប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងចំនួន៣៥នាក់ មានរថយន្តតូច២គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងយកទៅដាក់ទីទួលដោយសុវត្ថិភាពអស់ហើយ។
លោកវរសេនីយ៍ត្រី ប្លង់ ហឿបបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កម្លាំងអង្គភាពទាំងបី មានយោធា អាវុធហត្ថ និងនគរបាលមានភារកិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀង ជាដើម។លោកបានបញ្ជាក់ឲ្យដឹងបន្តថាទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ ។
ក្នុងនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានទឹកជំនន់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕