កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល អភិបាលរងខេត្តកណ្ដាល លោក គីម រិទ្ធី បានស្នើអោយគណៈកម្មការគ្រឿងញៀនខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ការឃោសនាអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនតាមរយៈការចុះមូលដ្ឋានផ្ទាល់ និងត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញាប្រើប្រាស់ និងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ។
ក្នុងនោះលោកអភិបាលរងខេត្ត បន្តថា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា។បន្តតាមដានសកម្មភាពឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងធ្វើការអប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយ គ្មានការដាំដុះ ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកណ្តាល បានរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពីសំណាក់ឧក្រិដ្ឋជន នៅក្នុងទឹកដីនៅខេត្តកណ្តាល បានលទ្ធផលល្អ និងបន្តអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន និងទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន មន្ទីរអង្គភាព ស្ថាប័ននានាផងដែរ៕