សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនជាតិដើមភាគតិចព្នង រងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះទាំងស្រុង
ខេត្តមណ្ឌលគិរី៖លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី កាលពីរសៀលថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់លោក ចាត នឿ អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះទាំងស្រុង បណ្ដាលឲ្យភ្លើងឆេះសព្វរោលពេញខ្លួន រស់នៅភូមិពូទើត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធាន បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ធ្វើឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្ទើរតែឆក់យកជីវិតមនុស្សម្នាក់ទៅហើយក្នុងសមាជិកគ្រួសារ ប៉ុន្តែសំណាងល្អអាចរួចផុតពីកម្ដៅនៃភ្លើង ក្រុមគ្រួសារបានបញ្ជូនទៅដល់មន្ទីរពេទ្យទាន់ពេលវេលា។
អំណោយដែលត្រូវផ្ដល់ជូនរួមមាន៖ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅ២យួរមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន៣០០,០០០រៀល៕