ពូជស្រូវសែនក្រអូប ប្រភេទមិនប្រកាន់រដូវចំនួន២៩តោន ត្រូវបានចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសង្កែ ដើម្បីយកទៅធ្វើការដាំដុះ
ខេត្តបាត់ដំបង៖ដើម្បីកែខៃកម្រិតជីវភាព ក្រោយពេលរងការខូចខាតដោយសារទឹកជំនន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគ ផ្តលជូនប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២៩០គ្រួសារ
នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាសម្តែងនូវការ សោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធារាសាស្រ្ត។ល។ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកសង្កែ។
ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត នឹងរួមសហការឲ្យបានពេញលេញជាមួយក្រសួងទាំង៤ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋឡើងវិញក្រោយពេលទឹកស្រកចុះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអគុណចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចក្រឡាហោម កាកបាតក្រហមកម្ពុជា គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជន និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះឯកឧត្តមបាននាំយកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។កាយវិការនេះ បានបង្ហាញឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមស្តារផលិតកម្មស្បៀងឡើង វិញបន្ទាប់ពីទឹកស្រកចុះ ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់សម្តេចតេជោ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រោយពេលទទួលបានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើង វិញ។ចំពោះបញ្ហាចំពោះមុខ ក្រសួងបានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលា។
សូមបញ្ជាក់ផងដែរថា អំណោយគ្រឿងឧបភោគ បរិភោគទាំងអស់នេះមានអង្ករ១៤,៥តោន សាច់ ក្រក៥៨០គ.ក្រ មី៥៨០កេះ ទឹកស៊ីអីវ៥៨០យួរ ទឹកត្រី៥៨០យួរ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ១០០គ.ក្រ អង្គរ២៥គ.ក្រ សាច់ក្រក១គ.ក្រ មី ១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី១យួរ៕