គណៈបញ្ចាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបការងារ រយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក កងកម្លាំងទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំដឹកនាំមន្ទីរ អង្គភាព និងជាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភាពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមួយចំនួន ជាពិសេស អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរវិស័យទាំងអស់ បានសហការគ្នាល្អ ក្នុងការដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅនេះ។
ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានណែនាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក បន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់ត្រៀមលក្ខណៈឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេស ការចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង ដើម្បីស្ដារឡើងវិញ។
បន្ទាប់ពីជំនន់ទឹកភ្លៀងបានបញ្ចប់ មន្ទីរ អង្គភាពជំនាញ ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត ។ដោយឡែក ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនវិញ ឯកឧត្ដម ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការតាមដាន និងក្តាប់ជាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឲ្យជាប់ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា៕