ផឹកស្រាស្រវឹង ដួលបោកក្បាលនឹងថ្មបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត
រាជធានីភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិត ក្រោយពីជញ្ជូនសម្ភារៈឥវ៉ាន់ចេញពីបន្ទប់ជួលដោយស្ថានភាពស្រវឹងស្រា ហើយដាច់ផ្ងាមកខាងក្រោយបោកក្បាល ទៅនឹងថ្មបណ្ដាលឲ្យសន្លប់ បន្តិចក្រោយមកក៏ដឹងខ្លួនវិញ ត្រូវបានម្ចាស់ផ្ទះរួមទាំងប្រជាពលរដ្ឋ លើកយកទៅខាងក្រៅបម្រុងនាំទៅមន្ទីរពេទ្យ តែខណះពេលដែលមិនយកចិត្តទុកដាក់ ពីបងស្រីរបស់ជនរងគ្រោះស្រវឹងដូចគ្នាបណ្ដែតបណ្ដោយទុក រហូតដាច់ខ្យល់ស្លាប់បាត់បង់ជីវិត នៅហ្នឹងតាមមាត់បណ្ដោយផ្លូវលំមាត់ប្រឡាយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង១២ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ផ្លូវមាត់ប្រឡាយ ផ្ទះលេខ១២ ក្រុម៤២ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះសាត ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅបន្ទប់B១២ ផ្ទះលេខ១២ ផ្លូវប្រឡាយក្រុម៤២ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។និងមានស្រុកកំណើតនៅឯស្រុកស្អាង ខេត្តកណ្ដាល
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានម្ចាស់ផ្ទះអោយរើចេញពីបន្ទប់ជួលរបស់ខ្លួន ដោយជនរងគ្រោះ មិនបានបង់ថ្លៃបន្ទប់ជួលលើសរហូតទៅដល់កន្លះខែ ទៅហើយដល់ពេលវេលាមុនកើតហេតុម៉ោង៧ ជនរងគ្រោះបាននាំគ្នាជញ្ជូនឥវ៉ាន់ពីបន្ទប់ជួលរបស់ខ្លួន ដើម្បីទៅស្រុកកំណើតវិញ លុះដល់ម៉ោង៧និង៤០នាទី ស្រាប់តែប្រទះឃើញជនរងគ្រោះដេកផ្ងារ នៅនឹងក្បែរជណ្តើរបង្កឱ្យមានការភ្ញាក់ផ្អើលស្របពេលនោះ ត្រូវបានម្ចាស់ផ្ទះជួលបានហៅបងស្រីជនរងគ្រោះ លើកចេញមកខាងក្រៅនៅម៉ោង៩ ខណៈពេលដែលយកចេញទៅក្រៅ រួចម្ចាស់ផ្ទះជួលក៏បានដើររកម៉ូតូកង់បីឥណ្ឌា មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែខណៈពេលដែលម្ចាស់កង់បីឥណ្ឌាបានមកដល់ មិនបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យនោះទេ ដោយខ្លាចជនរងគ្រោះមានបញ្ហានៅលើម៉ូតូកង់បីរបស់ខ្លួន បន្ទាប់មកម្ចាស់ផ្ទះក៏បានឱ្យបងស្រីរបស់ជនរងគ្រោះ ដឹកយកទៅកាន់មន្ទីរទីពេទ្យ តែបងស្រីហាក់បីដូចជាព្រងើយកន្តើយ មិនអើពើចំពោះប្អូនរបស់ខ្លួននោះទេ ដោយនិយាយថា ទុកនៅហ្នឹងបន្តិចទៀតដឹងខ្លួនហើយ បន្ទាប់មករហូតដល់ម៉ោង១២ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់អាយុជីវិត នៅត្រង់ចំណុចផ្លូវលំមាត់ប្រឡាយតែម្ដង ទើបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសពរបស់ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតនេះ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ ដោយសារដួលបោកក្បាល ទៅក្រោយស្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានប្រគល់សពទៅអោយបងស្រី យកទៅធ្វើបុណ្យតាមបរពៃណី៕