ជនជាតិថៃ២នាក់ បានស្លាប់ភ្លាមៗខណៈពេលបើកត្រាក់ទ័រមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ បានជាន់មីនតោនបណ្តាលឲ្យផ្ទុះខ្ទេចត្រាក់ទ័រ
ខេត្តបន្ទាយមានជ័យ៖បុរសជនជាតិថៃចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកត្រាក់ទ័រច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ ជាន់មីនតោន បណ្តាលឲ្យផ្ទុះខ្ទេចត្រាក់ទ័រ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីលឺស្នូរផ្ទុះ កម្លាំងនគរបាលប៉ុស្តិ៍១ ដឹកនាំដោយលោកវរសេនីយ៍ត្រីរាជ្យ ម៉ូ នាយប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែន វរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ បានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចបង្គោលសីមា លេខ៤៣ ដែលនៅក្នុងទឹដីថៃ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មីនតោន បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់ និងខូចត្រាក់ទ័រទាំងស្រុង។
លោកមេបញ្ជាការបានឲ្យដឹងបន្តទៀតថា សពរងគ្រោះមានឈ្មោះខៀវ ព្រំម៉ា ភេទប្រុស អាយុ៧០ឆ្នាំ ជាឪពុក និងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
បើតាមការឲ្យដឹងពីសាច់ញាតិ មុនពេលកើតហេតុគាត់បើកត្រាក់ទ័រ២នាក់ឪពុក និងកូនមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ កងអនុសេនាធំលេខ១២៤ និងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕