រថយន្ត១គ្រឿង ឆ្លងចរន្តភ្លើង ឆាបឆេះក្លាយជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ គ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវ
ខេត្តពោធិ៍សាត់៖សំណាងមួយពាន់សំណាង មិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ដោយសារភ្លើងឆេះរថយន្ត កាលពីវេលាម៉ោងប្រមាណជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នោះទេ។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។រថយន្តដែលរងការឆាបឆេះម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ សុំមិនបង្ហាញអំពីស្លាកលេខ ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ។
បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុគាត់បានជូនមិត្តភក្តិទៅផ្ទះនៅឯខេត្តពោធិ៍សាត់រួចក៏ត្រឡប់មកផ្ទះវិញ លុះមកដល់ម្ដុំកើតហេតុ ស្រាប់តែមានផ្សេងចូលក្នុងរថយន្ត ប៉ុន្តែពុំបានចាប់អារមណ៍ស្មានមេឃចុះអាប់ ភ្លាមៗនោះក៏ធុំក្លិនឆ្ងៀម និងមានផ្សែងហុយ ពេញពីក្នុងតាប់ឡូរថយន្ត ទើបដឹងរថយន្តរបស់ឆ្លងចរន្តភ្លើង ប៉ុន្តែនៅតែរកការជួយអន្តរាគមន៍មិនបាន។បានត្រឹមចេញពីក្នុងរថយន្តមកខាងក្រៅ រួចឆ្លេឆ្លាៗ និងថតរូបភាពអណ្ដាតភ្លើងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែប៉ុណ្ណោះ៕