លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ បាននាំយកអំណោយផ្ដល់ជូនអតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួម និងសហការី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១ការ៉ុងទម្ងន់៥០គីឡូក្រាម,មី២កេសតូច,ភេសជ្ជៈមូតាន១កេស,ទឹកស៊ីអុីវ១យួរ,ត្រីខ១យួរ,ទឹកសុទ្ធ១យួរ,មុង១,ភួយ១ និងថវិកាចំនួន១០ម៉ឺនរៀល។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និងពលី-មរណៈទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះជម្ងឺកូវីដ-១៩ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងសហការី បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អាគាររដ្ឋបាលថ្មីផងដែរ៕