អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បាននាំយកអំណោយមនុស្សធម៌ ជាថ្នាំពេទ្យផ្តល់ជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីទុកចាត់ចែងជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់
ខេត្តកណ្ដាល៖អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ជាថ្នាំពេទ្យ ចំនួន២០០០កញ្ចប់ ផ្តល់ជូនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:ខេត្តកណ្ដាល ដើម្បីទុកចាត់ចែងជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
លោក ភួង តារាមុន្នី អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលើកឡើងថា ដោយខេត្តកណ្ដាល ទទួលរងនូវជំនន់ទឹកភ្លៀង ដូច្នេះលោក និងក្រុមការងារ បាននាំយកថ្នាំពេទ្យមួយចំនួន មានដូចជា៖ថ្នាំបញ្ចុះកំដៅ ថ្នាំរមាស់សើស្បែក បំពង់ហឺត និងថ្នាំមួយចំនួនទៀត ដែលមានចំនួន២០០០ កញ្ចប់ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ជាមួយគ្នានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លៃអគុណ និងសំដែងនូវការកោតសរសើរដល់អគ្គនាយកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងសហការី ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការចូលរួម ក្នុងយុទ្ធនាការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្តមបន្តថា នេះគឺជាទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លា របស់អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងសហការី ដែលបានឆ្លុះបញ្ចាំង ពីគុណធម៌ មនុស្សធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ចង់ចាំជានិច្ច។
ឯកឧត្តមអភិបាលខេត្ត ក៏បានសន្យា និងនាំយកសម្ភារៈជាថ្នាំពេទ្យនេះ ទៅប្រគល់អោយដល់ដៃប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល៕