សពទារិកាម្នាក់ ត្រូវគេច្រកក្នុងថង់ យកទៅផ្លុងចោល នៅលើសួនច្បារ នៅសង្កាត់វត្តភ្នំ បង្កការភ្ញាក់ផ្អើល
រាជធាភ្នំពេញ:សាកសពទារិកាម្នាក់ ត្រូវបានអ្នកថែសួន និងរុក្ខជាតិប្រទះឃើញនៅក្នុងថង់ខ្មៅមួយ ដែលជនមិនស្គាល់អត្តសញ្ញាណ យកផ្លុងចោលលើសួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង០៧និង៤០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រោមដើមឈើលើសួនច្បារមិត្តភាពកម្ពុជា-ថៃផ្លូវលេខ៦១កែងផ្លូវលេខ៩៦ភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។នេះបើយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមការឲ្យដឹងពីឈ្មោះ លី វណ្ណ: ភេទប្រុស មុខរបរកម្មករសួនច្បារនិងរុក្ខជាតិបានឲ្យដឹងថា:កាលពីវេលាម៉ោង០៧និង២០នាទីថ្ងៃខែខាងលើខ្លួនបានជិះម៉ូតូចេញពីផ្ទះមកធ្វើការសំអាតសួនច្បារកន្លែងកើតហេតុខាងលើរហូតដល់ម៉ោង០៧និង៤០នាទី ក៏បានឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើដោយមានការសង្ស័យ ក៏បានបើកមើលឃើញមានសពទារិកា នៅក្នុងថង់ខ្មៅនោះរួចបានរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់និងគ្រប់គ្រងកន្លែងកើតហេតុហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណ:កម្មការធ្វើកោសល្យវិច័យពិនិត្យសពនិងកន្លែងកើតហេតុ។
ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនងសុវណ្ណរ័ត្នបានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសំរាល)។ក្រោយពីបញ្ចប់ការពិនិត្យខាងជំនាញបច្ចេកទេស បានប្រគល់សពឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីចាត់ចែងបន្តរ៕