ពលរដ្ឋជាង៤០០គ្រួសារ មកពីភូមិនានា ក្នុងក្រុងប៉ោយប៉ែត ដែលមានជីវភាពខ្វះខាត ទទួលព្រះរាជអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ សិទ្ធិដែន និងអ្នកម្នាង
ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អញ្ជើញមកពីភូមិនានា ក្នុងក្រុងប៉ោយប៉ែត(ចំរុះ)សរុបជាង៤០០គ្រួសាររាប់ទាំងអ្នកមានប័ណ្ណក្រីក្រនិងអ្នកអត់មានប័ណ្ណក្រីក្រទទួលអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ សិទ្ធិដែន និងអ្នកម្នាង នៅស្ថិតនៅចំណុចតារាងបាល់ទះ ជាប់នឹងវិទ្យាល័យអូរជ្រៅ ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ស៊ីសុវត្តិ សិទ្ធិដែន បានមានព្រះរាជបន្ទូល ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចយាយ ដែលសម្ដេចតែងតែមានការយកចិត្តទុកដាក់និងនឹករឭកជាទីបំផុតចំពោះប្រជានុរាស្រ្តទាំងអស់។
ព្រះអង្គម្ចាស់ស៊ីសុវត្តិ សិទ្ធិដែនក៏មានព្រះរាជបន្ទូលផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាបរិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ សិទ្ធិដែន និងអ្នកម្នាង មកពីភូមិនានាក្នុងក្រុងប៉ោយប៉ែត(ចំរុះ) មានសរុបចំនួន៤២៥គ្រួសារ ដោយអ្នកមានប័ណ្ណក្រីក្រចំនួន៣២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ។ដោយឡែកអ្នកដែលមិនមានប័ណ្ណក្រីក្រចំនួន១០៥គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀលផងដែរ៕