ឯកឧត្តមអភិបាលខេត្តកំពត អញ្ជើញទទួលថវិកាពីសប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ នៅក្នុងខេត្តកំពត
ខេត្តកំពត:សប្បុរសជន នៃក្រុមហ៊ុនអភិវឌ្ឍន៍ផែ្នកអចលនទ្រព្យចំនួន៥ នៅក្នុងខេត្តកំពត បានផ្តល់ថវិកាមនុស្សធម៌ជូនឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត
ដើម្បីចូលរួមជួយសម្រួលការលំបាក ក្នុងការដោះស្រាយជាមួយរដ្ឋបាលខេត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិឬឧប្បត្តិហេតុផ្សេងៗក្នុងខេត្តកំពត។
សប្បុរសជន នៃក្រុមហ៊ុនអភិវឌ្ឍន៍ផែ្នកអចលនទ្រព្យចំនួន៥រួមមានៈ
១-ក្រុមហ៊ុន គង់វង្សប្រណិត រៀលអុីស្ទេត ឯ.ក ឧបត្ថម្ភថវិកា ១,៩៥៦$
២-ក្រុមហ៊ុន KW Kampot ឧបត្ថម្ភថវិកា ៨០០$
៣-ក្រុមហ៊ុន Madava Property ឧបត្ថម្ភថវិកា ១លានរៀល
៤-ក្រុមហ៊ុន សេវេនអុីនវ័ន ឧបត្ថម្ភថវិកា ២០០$
៥-លោក លឹម អ៊ូ ឧបត្ថម្ភថវិកា ២០០$
នៅថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានថ្លែងអគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអចលនៈទ្រព្យ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ក្នុងស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែកដ៏ប្រពៃនាពេលនេះ ដើម្បីជួយរំលែកការលំបាកជាមួយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា ពិសេសបានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពតដែលតែងបានបំពេញបេសកកម្មសកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះនាពេលកន្លងមក ដោយមិនមានការរើសអើងអ្វីឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយថវិកាពេលនេះ គឺពិតជាប្រពៃណី ហើយនឹងខិតខំយកអំណោយទាំងនេះ ដើម្បីដោះស្រាយជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះអោយបានចំគោលដៅ និងមានប្រសិទ្ធភាព៕