ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហការី ដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា ៖អង្ករ៥តោន មីខ្លាឃ្មុំ៥០កេស តង់១០០តង់ សាប៊ូលាងចាន៤៣២ដប និងថវិកាចំនួន៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអគុណ ចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត ទាំងនេះជាកាយវិការប្រកប ដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕