សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៧០៩គ្រួសារ នៅស្រុកថ្មគោល
ខេត្តបាត់ដំបង៖ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ផ្តលជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៧០៩គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំតាម៉ឺន និង៦០គ្រួសារមកពីភូមិវាលទ្រា ឃុំអូរតាគី នៃស្រុកថ្មគោល ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានពាំនាំនូវការសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរកំពុងយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនូវការគ្រោះថ្នាក់ ដោយគ្រោះធម្មជាតិនេះ ដោយមិនអាចគិតស្មានដល់ និងបានពាំនាំជាអំណោយផ្សេងៗចែកជូនប្រជាពលរដ្ឋ ដែលកំពុងតែរងលំបាកដោយសារគ្រោះទឹកជំនន់នេះ ដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ ។
ក្នុងនោះលោកជំទាវ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែរក្សាអនាម័យជាប់ជានិច្ច ដោយការលាងសំអាតដៃ ការហូបស្អាត ដើម្បីចៀសវាងបញ្ហាការរាគរួស ជម្ងឺអាសន្នរោគផ្សេងៗ ពិសេសប្រុងប្រយ័ត្ននូវការចុះទឹក និងថែរក្សាកូនៗកុមារតូចៗ មិនឲ្យចុះទឹកផ្ដេសផ្ដាស ដើម្បីកុំអោយគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត។
បន្ថែមពីនេះលោកជំទាវ ក៏បានថ្លែងអគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលខិតខំជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារៈប្រើប្រាស់នានា ដល់គ្រួសាររងគ្រោះទាំងនោះ។
អំណោយដែលត្រូវផ្តលជូនក្នុងមួយគ្រួសារទទួលបានអង្ករ២ការ៉ុងស្មើ៥០គីឡូក្រាម ,មី១កេះ,ទឹកសុទ្ធ១កេះ,ប្រេងឆា២ដប,កាហ្វេ១ថង់,សារុង១ និងភួយ១ផងដែរ៕