ព្រះអនុគណក្រុង ប្រគល់នូវអំណោយមនុស្សធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្តាល៖ដោយទឹកព្រះទ័យជ្រះថ្លា និងដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ បានប្រគល់នូវអំណោយមនុស្សធម៌ ជាអង្ករ និងថវិកាមួយចំនួន ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលពិធីនេះប្ររព្ធធ្វើនៅវត្តព្រែកឬស្សី ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានសង្ឃដីកាក្នុងឱកាសនោះ ព្រះពុទ្ធឃោសាចារ្យ សរ បុណ្ណា ព្រះរាជាគណថ្នាក់ទោ ព្រះបាឡាត់គុណខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តព្រែកឬស្សី បានលើកឡើងថា ការនាំយកអំណោយមនុស្សធម៌មកផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ គឺដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន ក្នុងការងារមនុស្សធម៌ ជួយដល់ជនដែលមានជីវភាពខ្វះខាត ជួបការលំបាក ពិសេសសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។
ព្រះអង្គបានមានសង្ឃដីកាបន្តថា សាលាអនុគណក្រុងតាខ្មៅ ក៏ដូចជាវត្តព្រែកឬស្សី តែងតែខិតខំកៀងគររកការចូលរួមពីសប្បុរសជននានាដើម្បីយកអំណោយជាសម្ភារៈ ថវិកាជួយដល់សាខាកាកបាទក្រហមកម្ពុជាជារើយៗ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកក្នុងបញ្ហាផ្សេងៗដោយផ្ទាល់ផងដែរ។
ថ្លៃងក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យរបស់ព្រះអង្គ និងសហការីទាំងអស់ ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺជាវប្បធម៌ នៃការចែករំលែក ដែលបានចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ បានទាន់ពេលវេលា។
ឯកឧត្តមបានសន្យាថានឹងរក្សាទុកដាក់អំណោយទាំងនេះឱ្យបានល្អ សម្រាប់យកទៅប្រគល់អោយដល់ដៃជនរងគ្រោះ ដែលកំពុងរង់ចាំជំនួយពីយើងទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា អំណោយជាដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកម្ពុជាកណ្ដាល ទទួលបានមាន អង្ករ៣០បាវ ស្មើនឹង១,៥០០ គីឡូក្រាម និងថវិកាចំនួន២០០០$(ពីរពាន់ដុល្លា)៕