ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពត
ខេត្តកំពត៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកំពត ខេត្តកំពត
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានក្រើនរំលឹកណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឲ្យបន្តខិតខំចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរថែមទៀត។
សូមជំរាបដែរថា លោក អែត សារិទ្ធិ ត្រូវបានក្រសួងមហាផ្ទៃតែងតាំងឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកំពត និងត្រូវបានផ្ទេរភារកិច្ចលោក ចែម ផា និង លោក សេង វុត្ថា ពីអភិបាលរងនៃគណៈអភិបាលក្រុងកំពត ឲ្យទៅបម្រើការងារជាមន្ត្រីនៅសាលាខេត្តកំពត។
ក្នុងពិធីប្រកាសតែងតាំងមុខដំណែង អភិបាលរងក្រុងនេះដែរឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពត ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ច ក្នុងស្មារតីសាមគ្គី សហការអនុវត្តនូវគោលការណ៍ វិធានការ និងផែនការទិសដៅដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃ និងខេត្តបានណែនាំចង្អុលបង្ហាញ និងប្រគល់ជូន សម្រេចលទ្ធផលបានជោគជ័យល្អប្រសើរ។
ទន្ទឹមនឹងនោះត្រូវមានសាមគ្គីភាពសហការគ្នាបន្តអនុវត្តដោះស្រាយ បញ្ហាប្រឈម បញ្ហាតម្រូវការ ខ្វះខាត រួមនិងសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងជំរុញពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេសត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នឹងបន្តចូលរួមបំផុសផ្សព្វផ្សាយការអនុវត្តវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ និងវិធានការដោះស្រាយផលប៉ះពាល់នានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពប្រសើរថែមទៀត៕