លោក នូ សុវណ្ណរិទ្ធ ដឹកនាំចុះធ្វើអនាម័យ និងសំអាតបរិស្ថាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំបែកចាន
ខេត្តកណ្តាល៖នាឱកាស ដឹកនាំអាជ្ញាធរឃុំបែកចាន នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន អង្គស្នួល កម្លាំងអធិការនគរបាល និងប្រជាការពារ ចុះធ្វើអនាម័យ និងសំអាតបរិស្ថាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុក អង្គស្នួល បានមានប្រសោសន៍ថា អនាម័យស្អាត បរិស្ថាន ស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ដូចនេះត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះ ស្រុកអង្គស្នួលមានក្រុមហ៊ុនប្រមូលសំរាមផ្តាច់មុខមួយមានភ្នាក់ងារចាំប្រមូលសំរាមជារៀងរាល់ថ្ងៃ។
ក្នុងនោះលោក នូ សុវណ្ណរិទ្ធ បានណែនាំដល់អាជ្ញាធរថ្នាក់ឃុំនិងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការនេះ ដោយការទទួលខុសត្រូវខ្ពស់ ហ្មត់ចត់ និងច្បាស់លាស់ ដោយឈរលើស្មារតីស្រឡាញ់បរិស្ថានទាំងអស់គ្នា។
ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការគោរពម៉ោង-ពេលបញ្ចេញសំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រមូលផង និងមិនធ្វើឱ្យសំរាមនៅពាសវាលពាសកាល៕