នៅលើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់និមិត្ត ទឹកជំនន់ហូរកាត់ ក្នុងល្បឿនលឿន អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចផ្អាកចរាចរណ៍ បណ្តោះអាសន្ន
ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចផ្អាកចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីអាស្រម លោក យ៉ាយ ម៉ៅ ដល់ផ្លូវបំបែកកូនដំរី ទៅស្រុងម៉ាឡៃ និងផ្លូវទីប្រជុំជនមួយចំនួន ណ្ដោះអាសន្ន ដើម្បីជៀសវាងការខូចខាតផ្លូវធ្ងន់ធ្ងរ បន្ទាប់ពីជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានហូរកាត់ផ្លូវក្នុងល្បឿនលឿនដែលជាគួរឲ្យព្រួយបារម្ភ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៥នេះ បានចាប់ផ្តើមនៅវេលាម៉ោងប្រមាណ១យប់រំលងអាធ្រាតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តែអាជ្ញាធរបានធ្វើការផ្អាកចរាចរណ៍ នៅព្រឹកថ្ងៃ ខែដដែរដោយសារទឹកហូរកាត់មានល្បឿនលឿន។តែរហូតមកដល់ពេលនេះមិនមានមនុស្ស សត្វ រងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មានទឹកជំនន់ជនលិចនេះភ្លាម អាជ្ញាធរខេត្ត ក្រុង បានដឹកនាំកម្លាំងចុះមកធ្វើការត្រួតពិនិត្យជាក់ស្ដែង ក្នុងនោះមានកងកម្លាំងអន្តរាគមន៍ពិសេសខេត្ត
កងពលតូចថ្មើជើងលេខ៥១ សឹករងខេត្ត វរ:៥១៣ចំណុះកងពលតូច៥១ កម្លាំងអាវុធហត្ថក្រុង នគរបាលក្រុង និងអាជ្ញាធរមូលដ្ឋាន បានចុះចាំជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។
ជាងនេះទៅទៀតកងកម្លាំងទាំងអស់បានយករថយន្តរបស់អង្គភាព ដឹកជញ្ជូនពលរដ្ឋឆ្លងទៅឆ្លងមក ដើម្បីការពារសុវត្ថិភាពជូនពួកគាត់ ខណៈដែលទឹកកំពុងតែមានសន្ទុះក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ៕