ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
ខេត្តកណ្ដាល៖កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីរាជការមន្ទីរសុខាភិបាលជាង ៤៨០នាក់។
ក្នុងនោះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ការជួបសំណេះសំណាលជាមួយ មន្ត្រីក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល គឺជាការជួបជុំផ្លូវការលើកដំបូង រវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាល បន្ទាប់ពីបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។
ឯកឧត្តមបានបញ្ចាក់បន្តថា ការដាក់ឲ្យមន្ទីរសុខាភិបាល ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្ត គឺជាកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ មួយជំហានថ្មីទៀត តាមគោល នយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរ សិទ្ធិអំនាចមុខងារ និងធនធានទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតនឹងប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវ ក្នុងការចាត់ចែង និងប្រើប្រាស់ធនធានទាំងនោះសម្រាប់ផ្ដល់សេវាសុខភាពសាធារណៈ ឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា លទ្ធផលនៃការធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលនេះ គឺពិតជាមានអត្ថប្រយោជន៍ធំធេង និងទាន់ពេលវេលា ក្នុងការអនុវត្តប្រកបដោយភាពជោគជ័យ ទៅលើការប្រយុទ្ធប្រឆាំង ការព្យាបាល និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ឯកឧត្តមបានបន្ថែមថាទៀតថា ពាក់ព័ន្ធនិងគ្រោះជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក៏បានរៀបចំផែនការ ត្រៀមក្រុមគ្រូពេទ្យសម្រាប់ជួយ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដោយបានបែងចែកគ្រូពេទ្យជួយអន្តរាគមន៍ចំនួន១១៤ ក្រុមស្មើនឹង៤៥៦នាក់ រថយន្តសង្គ្រោះចំនួន២២ គ្រឿង និងដាក់បុគ្គលិកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង តាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកក្រុង-ស្រុកផងដែរ៕