សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីលោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវ ដើម្បីតម្កល់ត្រៀម បម្រុងទុកសម្រាប់ជួយពលរដ្ឋប្រឈមនឹងការរងគ្រោះខ្វះខាត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការីនៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយសប្បុរសធម៌ពីលោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត ដើម្បីតម្កល់ត្រៀម បម្រុងទុកសម្រាប់ការឆ្លើយតបជួយដល់ប្រជាពលរដ្ឋប្រឈម នឹងការរងគ្រោះខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយឧប្បត្ដិហេតុផ្សេងៗនៅក្នុងមូលដ្ឋាននៃខេត្តកំពត។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងការកោតសរសើរដល់លោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត ដែលបានចូលរួមចំណែក ជាកម្លាំងលើកកម្ពស់ឆ្លើយតប ការគាំទ្រ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នឹងសន្យាចាត់ចែងប្រើប្រាស់ នូវអំណោយមនុស្សធម៌ទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះ គ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះ ទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
អំណោយដែលសប្បុរសជនបានឧបត្ថម្ភ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតនាឱកាសនោះ រួមមានអង្ករចំនួន១តោន ទឹកសុទ្ធចំនួន៥០កេះ និងថវិកាចំនួន២លានរៀលផងដែរ៕