អង្គការកុមារមេគង្គ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីទុកលំបាក របស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរពីប្រទេសថៃនោះ នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ហឿន វីរ: អភិបាលរងក្រុងប៉ោយប៉ែត តំណាងឱ្យលោក គាត់ ហ៊ុល អភិបាលនៃគណ:អភិបាលក្រុង និងលោកម៉ាតាំង ឆាលម៉ាំងឌីយោ អគ្គនាយកជាតិអង្គការកុមារមេគង្គ និងជាទីប្រឹក្សាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ហូរពីប្រទេសថៃ បង្កឲ្យជន់លិចផ្ទះសម្បែងរបស់ពួកគាត់។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចហាងអ៊ីញ៉ាញ់ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មន្ត្រីគយ មន្ត្រីអន្តោប្រវេសន៍ អធិការរងក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដែលអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព ដែលមកទទួលអំណោយនោះមកពីចំនួន៤ភូមិ
១-ភូមិប៉ោយប៉ែត មានចំនួន៧០គ្រួសារ
២-ភូមិក្បាលកោះ មានចំនួន៧០គ្រួសារ
៣-ភូមិក្បាលស្ពាន១ មានចំនួន៥៧គ្រួសារ
៤-ភូមិប៉ាលិលេយ្យ២ មានចំនួន២៩គ្រួសារ សរុបចំនួន២២៦គ្រួសារ។ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម,សាប៊ូមួយកញ្ចប់,ទឹកត្រីមួយដប,អំបិលមួយកញ្ចប់,ខ្លាញ់មួយដប,រ៉ូឌីមួយកញ្ចប់,ទឹកស៊ីអ៊ីវមួយដប និងស្ករស១គីឡូក្រាមផងដែរ។
ក្នុងនោះលោកអភិបាលរងក្រុង និងអគ្គនាយកជាតិអង្គការកុមារមេគង្គ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវថែទាំសុខភាព រស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងជំងឺតម្កាត់ផ្សេងៗ ពិសសេសកុំភ្លេចខ្លួនឲ្យសោះចំពោះជំងឺឆ្លងកូវីដ១៩ ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាកម្លាតពីគ្នា និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលផងដែរ៕