ពលរដ្ឋ២៦៦គ្រួសារ រស់នៅសង្កាត់និមិត្ត ដែលរងគ្រោះដោយសារទឹកជំនន់ទទួលអំណោយមនុស្សធម៌ពីយុវជនមកពីភ្នំពេញ តាមរយៈលោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ:កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមយុវជនមកពីរាជធានីភ្នំពេញ បាននាំយកមកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២៦៦គ្រួសារ រស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយចាត់ឲ្យឧត្តមសេនីយ៍ត្រីទុន រ៉ាឌី ស្នងការរងនគរបាលខេត្ត និងលោកវរសេនីយ៍ឯកគង់ វិនឌី ស្នងការរងនគរបាលខេត្ត។
ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចវត្តរន:សុខសាន្ត ហៅវត្តអូរខៃដន ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកប្រធានក្រុមយុវជន១៥៧ក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
អំណោយដែលត្រូវផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន២៦៦គ្រួសារនោះរួមមានអង្ករ១ការរ៉ុង ស្មើរ១០kg និងមី១កេស។ក្នុងនោះបានផ្ដល់ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធចំនួន៦៦ម៉ឺនរៀលផងដែរ។
ក្នុងនោះលោកអភិបាលក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា-ថៃ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ និងសត្វមានពិសផ្សេងៗ ពិសេសកូនតូចៗធ្លាក់ចូលទឹក បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ៕