ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកបារាយណ៍
ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋចំនួន៨៦គ្រួសារ នៅស្រុកបារាយណ៍ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ទទួលអំណោយជាអង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
ថ្លែងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសនៅពេលដែលបងប្អូនកំពុងតែជួបនូវគ្រោះធម្មជាតិនៅពេលនេះ។
ឯកឧត្តមបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរដែនដីភូមិ ឃុំ ស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀងដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តមបានចុះមកពិនិត្យស្ថានភាពទឹកដោយផ្ទាល់ ដើម្បីត្រៀមជម្លៀសបងប្អូនទៅរកទីទួលសុវត្ថិភាព ដោយមិនទុកឱ្យបងប្អូនណាម្នាក់ ស្លាប់ដោយការលិចលង់ និងអត់ស្បៀងអាហារ ដោយសារគ្រោះទឹកជំនន់នោះទេ។
ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅនិងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះ បន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ៕