លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនិងសការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផ្តល់ជូនប្រជាពលរដ្ឋជាង៦០គ្រួសារ ស្ថិតនៅក្នុងភូមិបត់ត្រង់ធំ ឃុំអន្លុងថ្ងាន់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផ្តល់ជូនប្រជាពលរដ្ឋនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ចាការកងរាជអាវុធហត្ថខេត្ត អំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ ខណៈអាកាសធាតុមានការប្រែប្រួលភ្លៀងធ្លាក់ជាប់ៗគ្នា ចំណែកស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃផងនោះ បានធ្វើឲ្យស្ថានភាពទឹកកាន់មានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ។
អំណោយដែលអាវុធហត្ថខេត្តបន្ទាយមានជ័យផ្តល់ជូនពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នោះរួមមានៈមី ចំនួន០២កេសធំ ប៊ីចេងចំនួន០២កេស និងថវិកាចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) សម្រាប់ជួយសម្រាលជីវភាពមួយផ្នែក របស់ពួកគាត់ក្នុងគ្រាលំបាក ដោយជួបគ្រោះធម្មជាតិនេះផងដែរ៕