ស្ពានឈើព្រះពន្លា ដែលមានអាយុកាលជាង២០ ត្រូវបានបាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើល
ខេត្តបន្ទាយមានជ័យ:ស្ពានឈើព្រះពន្លា ដែលមានអាយុកាលជាង២០ឆ្នាំ ស្ថិតនៅភូមិ៣-៤ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានបាក់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សំណាងល្អមិនបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានឈើមួយនេះត្រូវបានអាជ្ញាធរផ្អាកមិនឲ្យរថយន្តធ្វើដំណើររយៈពេល៣ឆ្នាំមកហើយ។ចំណែកម៉ូតូ និងថ្មើជើងត្រូវបានបិតទាំងស្រុងរយៈពេលមួយឆ្នាំមកហើយ តែពលរដ្ឋនៅតែលួចដើរម្តងៗ។
ពួកគាត់បន្តថា មុនកើតហេតុពួកគាត់បាននាំគ្នាទៅកាយសំរាមនិងកំប្លោកដែលទើនៅខាងក្រោមស្ពាន ដោយស្ពានចាស់មានសភាពទ្រុឌទ្រោមផងនោះ បានលាន់ឮសំឡេងមិនសូវស្រួលក៏នាំគ្នាដើរចេញ បន្ទាប់មកក៏ត្រូវបានបាក់ជាពីកំណាត់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
សូមបញ្ជាក់ផងដែរថា ស្ពានឈើមួយនេះមានអត្ថប្រយោជន៍ដល់ពលរដ្ឋច្រើន ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលផ្សេងៗ ដោយឆ្លងកាត់ពីភូមិមួយទៅភូមិមួយពោលគឺភូមិព្រៃឬស្សីមកភូមិព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ។តែដោយសាចាស់ទ្រុឌទ្រោមផង និងគ្រោះទឹកជំនន់ផង បណ្ដាលឲ្យបាក់ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរនិងកាត់បន្ថយប្រាក់ចំណូលក្នុងគ្រួសារដោយសារស្ពានមួយនេះមានរយៈចំងាយពីស្ពានថ្មប្រហែល២០០ម៉ែត្រ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមអាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ បានចុះពិនិត្យមើលស្ថានភាពពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារគ្រោះទឹកជំនន់ប៉ុន្មានថ្ងៃនេះ៕