សំណង់សាងសង់សំណាកប្រាសាទកំពូលបី(ប្រាសាទឋានសួគ៌) អតីតរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានរុះរើកម្ទេចចោលវិញ ក្រោយមានចំណារពីក្រសួងមហាផ្ទៃ
ខេត្តបន្ទាយមានជ័យ៖សំណង់អាគារសំណាកប្រាសាទកំពូលបី(ប្រាសាទឋានសួគ៌) អតីតទីតាំងរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានសាងសង់ឡើងអស់រយះកាលជាច្រើនខែ ដោយចំណាយទឹកប្រាក់អស់រាប់សិបម៉ឺនដុល្លា ក្រោមការផ្តួចផ្តើមកសាងឡើងដោយលោកសាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុង កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានចាប់ផ្តើមរុះរើកម្ទេចចោលវិញហើយ ក្រោយពីមានចំណារពីក្រសួងមហាផ្ទៃ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ជម្រាបជូនមករដ្ឋបាលខេត្ត ឲ្យបញ្ឈប់កាសាងសង់ និងឲ្យរុះរើចេញវិញ បន្ទាប់ពីពិនិត្យឃើញថា កាសាងសង់អគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានរូបប្រាសាទកំពូលបី និងមានរចនាបទជាខ្មែររួចហើយ។ម្យ៉ាងទៀត ដើម្បីជៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ នៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងថៃទៀតផង។
នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃបញ្ជាក់ថា ក្រោយពីរុះរើរួច គួរពិនិត្យលទ្ធភាពរៀបចំជាសួនច្បារដើម្បីកែលម្អសោភ័ណភាពក្រុងប៉ោយប៉ែតឲ្យកាន់តែប្រសើរឡើង។
គួររម្លឹកដែរថា សំណង់អាគារសំណាកប្រាសាទកំពូលបី(ប្រាសាទឋានសួគ៌)ខាងលើនេះ ចាប់ផ្តើមបញ្ចុះឋបមសិលា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ។ក្នុងនោះលោក សាន ស៊ានហូ អតីតអភិបាលក្រុងបានអះអាងដែរថា សំណង់ប្រាសាទដែលកសាងតាមគម្រោងប្លន់ ត្រូវបានប៉ានស្មានប្រមាណលើការចំណាយ ក្នុងការសាងសង់អស់ថវិកាជាង៥០ម៉ឺនដុល្លារ និងប្រើប្រាស់រយៈពេលកសាងប្រមាណជា៦ខែ រួចរាល់ជាស្ថានពរ។ ការទ្រទ្រង់លើការចំណាយសាងសង់នេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ឥតឈប់ឈរ និងមានចូលឧបត្ថម្ភពីបណ្តាក្រុមហ៊ុន សប្បុរសជន បណ្តាអង្គភាពនានា រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ៕