អាជ្ញាធរខេត្តបន្ទាយមានជ័យ ស្នើរឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ខណ:ស្ថានភាពទឹកនៅមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ
ខេត្តបន្ទាយមានជ័យ:ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកបាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ(មានការបើកទំនប់អាងអូខៃដន ក្រុងប៉ោយប៉ែត) និងទឹកធ្លាក់មកពីខេត្តបាត់ដំបង តាមស្ទឹងបវិល មង្គលបូរី ធ្វើឲ្យស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ នៅភូមិសាស្រ្តមួយផ្នែក នៃក្រុងសិរីសោភ័ណ និងឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ដែលនៅជាប់តាមដងស្ទឹងមង្គលបូរី និងកន្លែងផ្សេងៗទៀតផ្នែកខាងក្រោមនោះ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានស្នើរឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងនោះអាជ្ញាធរខេត្តធ្វើការអំពាវនាវជាថ្មីបន្ថែមទៀត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕