ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពកម្ពស់ទឹក នៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅស្រុកកណ្ដាលស្ទឹង
ខេត្តកណ្តាល៖ដោយមើលឃើញអាកាសធាតុភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃនេះ បង្កឲ្យមានគ្រោះទឹកទំនន់នៅតាមបណ្តាលខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជាទីព្រួយបារម្មណ៍នោះ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹក នៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹកនោះ ឯកឧត្តម អភិបាលខេត្តកណ្ដាល មានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខ្ពស់ តាមដាននូវរាល់ស្ថានភាពទឹក នឹងត្រូវចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីមានទឹកជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ។ជាងនេះទៀតអាជ្ញាធរស្រុក ត្រូវត្រៀមគ្រប់មធ្យោបាយក្នុងការចុះជួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា មិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់បានឡើយ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា កម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា មានកម្ពស់៥.៤២ ម៉ែត្រ ហើយកម្ពស់ទឹកនេះ មិនទាន់ដល់កម្រិត នៃការប្រកាសភាពអាសន្នឡើយ ដែលកម្ពស់ទឹកនេះ មានកម្ពស់ប្រហាក់ប្រហែលនឹងឆ្នាំមុនៗផងដែរ។
លោកបន្តថា មកទល់ពេលនេះមិនទាន់មានភូមិរបស់ប្រជាពលរដ្ឋណាមួយ ទទួលរងនូវការលិចលង់នោះទេ តែនៅទីតាំងមួយចំនួនបានហូរឆ្លងកាត់ផ្លូវនឹងចូលទៅក្នុងវាល ដែលមិនមានស្ថានភាពអ្វីប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការការអន្តរាគមន៍ពីអាជ្ញាធរនៅឡើយទេ៕